រកឃើញពលរដ្ឋម្នាក់នៅឃុំសំរោងយា ក្នុងស្រុកពួក មានផ្ទុកជំងឺកូវីដ-១៩ អ្នកពាក់ព័ន្ធមកធ្វើតេស្តសំណាកបន្ទាន់

1

រដ្ឋបាលខេត្តសៀមរាប ប្រកាសថា ម្សិលមិញនេះ ពលរដ្ឋម្នាក់នៅឃុំសំរោងយាក្នុងស្រុកពួក មានផ្ទុកជំងឺកូវីដ-១៩ ខណៈរដ្ឋបាលស្រុកពួក អំពាវនាវដល់អ្នកពាក់ព័ន្ធមកធ្វើតេស្តសំណាកនៅសាលាបឋមសិក្សាដូនស្វា។

តាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១នេះ មានករណីធ្វើតេស្តវិជ្ជមានកូវីដ-១៩ លើកទី១ ទៅលើស្ត្រីមួយរូបឈ្មោះ ហ៊ន់ ស៊ីនឿត ភេទស្រី អាយុ៣២ឆ្នាំ មានលំនៅឋាននៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅអគារជំងឺឆ្លង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយបើតាមការបំភ្លឺរបស់សាមីខ្លួន និងការស្រាវជ្រាវរបស់ក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប បានបង្ហាញថា លោកស្រី ហ៊ន់ ស៊ីនឿត បាន បម្រើការងារនៅសណ្ឋាគារ ជិនយិនថៃ ខេត្តព្រះសីហនុ ហើយបានចេញដំណើរពីខេត្តព្រះសីហនុ នាវេលាម៉ោង២៣នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ តាមរយៈរថយន្តតាក់ស៊ីមកដល់រាជធានីភ្នំពេញ ហើយបានបន្តដំណើរដោយជិះរថយន្តក្រុងមកដល់ខេត្តសៀមរាប នៅវេលាម៉ោង១៧៖៣០នាទី នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១។

ដោយឡែក បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកពួក បានឲ្យដឹងថា បន្ទាប់ពីលោកស្រី ហ៊ន់ ស៊ីនឿត បានមកដល់ខេត្តសៀមរាបហើយនោះ គាត់បានជួលផាស់សអាប់ជិះមកដល់មុខផ្សារពួក ក្នុងស្រុកពួក ក៏បានទូរស័ព្ទហៅបងស្រីឈ្មោះ ហ៊ន់ ស៊ីណាន នៅភូមិជាមួយគ្នាឱ្យមកយកខ្លួននៅមុខផ្សារពួក ខណៈពេលមកដល់ផ្ទះឈ្មោះ ហ៊ន់ ស៊ីនឿត បានដើរចូលផ្ទះនៅតែម្នាក់ឯង ដោយពុំបាននៅជួបជុំជាមួយម្តាយឪពុកបងប្អូន លុះនៅព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ឈ្មោះ ហ៊ន់ ស៊ីណាន បានទៅលើកជំនូនពិធីមង្គលការ កូនកំលោះឈ្មោះ ឆន ប៉ូឡែន និងកូនក្រមុំឈ្មោះ សាត ហ័ស ស្ថិតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក ដោយពុំបានពាក់ម៉ាស់ទេ ។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកពួក បានធ្វើការអំពាវនាវ អញ្ជើញបងប្អូនដែលបានចូលរួមពិធីមង្គលការកូនកំលោះឈ្មោះ ឆន ប៉ូឡែន និងកូនក្រមុំឈ្មោះ សាត ហ័ស កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រៃវែង ឃុំសំរោងយា ស្រុកពួក និងអ្នកដែលមានទំនាក់ទំនងជិតដិតជាមួយឈ្មោះ ហ៊ន់ ស៊ីនឿត និងឈ្មោះ ហ៊ន់ ស៊ីណាន តាមពេលវេលា និងទីតាំងដែលបានរៀបរាប់ខាងលើ សូមអញ្ជើញទៅធ្វើតេស្តសំណាកដែលមានទីតាំងនៅសាលាបឋមសិក្សាដូនស្វា ក្នុងឃុំសំរោងយា ឱ្យបានឆាប់បំផុត ។

បច្ចុប្បន្ន រដ្ឋបាលខេត្ត រដ្ឋបាលស្រុកពួក និងក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យមានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប បានចាត់វិធានការស្រាវជ្រាវ កំណត់មុខសញ្ញាជនដែលបានជាប់ពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្ត ។

សូមបញ្ជាក់ថា តាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន៦៤នាក់ថែមទៀត ខណៈអ្នកជំងឺ១១នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ដូច្នេះគិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១.១២៤នាក់ ក្នុងនោះជាសះស្បើយចំនួន ៥៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ៥៧៤នាក់ ។

គួររំលឹកថា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាប បានចេញសម្រេចមួយ ស្ដីពីការបង្កើតក្រុមការងារស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប ដោយបានប្រគល់សិទ្ធិជូនលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ជាប្រធានគណៈកម្មការ ដែលក្រុមការងារនេះ មានតួនាទី និងភារកិច្ចដឹកនាំសម្របសម្រួល ប្រតិបត្តិការស្រាវជ្រាវ ស្វែងរក ប្រមូលព័ត៌មាន និងតាមដានបុគ្គល សង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយសហការជាមួយអនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ព្រមទាំងសហការជាមួយអាជ្ញាមូលដ្ឋាន ស្ថាប័ន និងមន្ទីរ -អង្គភាពពាក់ព័ន្ធក្នុងការអនុវត្តភារកិច្ច ជាពិសេសអនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គល សង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ និងប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ខេត្តសៀមរាប ៕

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប