រំលោភ​សេចក្តី​ទុកចិត្ត​យក​ប្រាក់ជាង ៨៣លាន​រៀល​​ ត្រូវ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ

1

ពី​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង និង​ដោយ​បាន​ការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ឯកឧត្តម គឺ ប៊ុណ្ណា​រ៉ា ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្តបាត់ដំបង លោក​វរសេនីយ៍ឯក លឹម ពុ​ទ្ធី​ឡា ស្នងការ​រង​ផែន ការងារ​ព្រហ្មទណ្ឌ បាន​ចាត់តាំង​ឲ្យ​លោក​វរសេនីយ៍ឯក ឈឿង គឹម​សុង នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្នុង​អង្គភាព​សហការ​ជាមួយ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ៅ សារ៉ូ​ត ភេទ​ប្រុស អាយុ៣២ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្លាក្រពើ ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ព្រមទាំង​ដកហូត​វត្ថុ​តាង​យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ចាត់ការ​តាមផ្លូវ​ច្បាប់។

សូម​ជម្រាប​ជូន​ថា កាលពី​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ជនសង្ស័យ​ខាងលើ​បាន​ធ្វើ​សកម្មភាព រំលោភ​សេចក្តី​ទុកចិត្ត​លើ​ឈ្មោះ អឹម កៅ​ទី ភេទ​ប្រុស អាយុ ៦០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​ស្បូវ ឃុំ​អូរ​កន្ធរ ស្រុក​ស្ទឹង សែន ខេត្តកំពង់ធំ ដោយ​យក​ប្រាក់​អស់​ចំនួន ៨៣,៧0០,០០០ រៀល​(​ប៉ែត សិប​បី​លាន​និង​ចិតសិប​ម៉ឺន​) ក្នុងពេលដែល​ជនរងគ្រោះ​ទុកចិត្ត​និង​បាន​ផ្ញើ​ប្រាក់​ពី​មូលដ្ឋាន​ស្រុក​ថ្មគោល ខេត្តបាត់ដំបង តាម​ជនសង្ស័យ​ខាងលើ តែ​ជនសង្ស័យ​បាន​យកប្រាក់​នោះ​តែម្តង​។

នៅ​ក្រោយ​ពេល​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​បាន រំលោភ​លើ​សេចក្តី​ទុកចិត្ត​ខ្លួន​រួចមក​ជន​រងគ្រោះ​បាន​ដាក់​ពាក្យ​បណ្តឹង​ចូល​មក​សមត្ថកិច្ច​នគរបាល​ខេត្តបាត់ដំបង។ តាម​បទបញ្ជា​របស់​លោក ឧ​ត្ត​ម​សេនីយ៍​ស្នងការ នគរបាល​ខេត្តបាត់ដំបង សមត្ថកិច្ច​ឈាន​ដល់​ការកំណត់​មុខសញ្ញា​និង​សហការ​នាំ​ខ្លួន​ជនសង្ស័យ មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង។

ក្នុង​កិច្ចប្រតិបត្តិការ​នេះ​សមត្ថកិច្ច​ដកហូត​បាន​ ​ប្រាក់​រៀល​ចំនួន ៧៥,0០០,០០០​រៀល​(​ចិតសិប​ប្រាំ​លាន​រៀល​) ជា​របស់​ជនរងគ្រោះ បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​។ ​នៅ​ពេល​នេះ​សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ជនសង្ស័យ​ខាងលើ​ ទៅកាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្តបាត់ដំបង ចាត់ការ​តាម​ផ្លូវ​ច្បាប់​រួច​ហើយ​៕