March 1, 2021

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ រួមទាំងអង្គការសុខភាពពិភពលោក (WHO) និងអង្គការយូនីសេហ្វ (UNICEF) ចុះពិនិត្យកន្លែងដើម្បីត្រៀមដាក់វ៉ាក់សាំងកូវីដ១៩ អាស្រ្តាហ្សេនីកា (AstraZeneca) ផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដែលនឹងដឹកមកដល់កម្ពុជានៅថ្ងៃស្អែកនេះ។

លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ នៅរសៀលនេះថា «ក្រុមការងាររបស់យើង បានចុះទៅត្រួតពិនិត្យទីកន្លែងដាក់វ៉ាក់សាំង កូវីដ១៩ AstraZeneca ដែលនឹងដឹកជញ្ជូនមកដល់កម្ពុជា នៅយប់ថ្ងៃស្អែកនេះ ។ក្នុងនោះយើងក៏បានត្រៀមរថយន្ដសម្រាប់ដឹកជញ្ជូនវ៉ាក់សាំងរួចជាស្រេចផងដែរ»។

សូមជម្រាបថា តាមសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា កាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈម្សិលមិញនេះ កម្ពុជានឹងទទួលបានវ៉ាក់សាំងឈ្មោះ អាស្រ្តាហ្សេនីកា(AstraZeneca) ដែលផលិតនៅឥណ្ឌាចំនួន ៣២៤,០០០ដូស ក្នុងចំណោម១,១០៤,០០០ដូស ដែលកម្ពុជាត្រូវបានទទួលក្នុងឆមាសទី១ ឆ្នាំ២០២១ ដែលជាជំនួយបឋមផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។ វ៉ាក់សាំងនេះ នឹងដឹកមកដល់ប្រទេសកម្ពុជា វេលាម៉ោង ៧៖៥០នាទីយប់។

ក្នុងសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ដោយមានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជាតំណាងរាជរដ្ឋាភិបាលកម្ពុជា និងអញ្ជើញចូលរួមក្នុងពិធីប្រគល់-ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅពេលវ៉ាក់សាំងនេះមកដល់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា និងលោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា ដែលពិធីនេះ ក៏នឹងមានវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក និងយូនីសេហ្វផងដែរ។

ក្រសួងបានអះអាងថា វ៉ាក់សាំងដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គឺជាចំនួនវ៉ាក់សាំងជាលើកដំបូង ដែលផ្តល់ជាជំនួយឱ្យប្រទេសកម្ពុជាពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ហើយវ៉ាក់សាំងក្នុងបរិមាណដទៃទៀត នឹងបន្តដឹកជញ្ជូនមកកម្ពុជាជាបន្តបន្ទាប់នៅពេលក្រោយទៀតជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ។ មជ្ឈមណ្ឌលកូរ៉ាក់ (COVAX Facility) គឺជាកិច្ចខិតខំប្រឹងប្រែងសកលដែលពុំធ្លាប់មានពីមុនមក ដើម្បីជួយសម្របសម្រួលផ្តល់ឱ្យប្រទេសទាំងអស់នៅក្នុងពិភពលោក នូវសមភាពទទួលបានវ៉ាក់សាំងប្រកបដោយសុវត្ថិភាព ដើម្បីការពារជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ដឹកនាំដោយអង្គការ GAVI, CEPI, និងអង្គការសុខភាពពិភពលោក (WHO) ក្នុងភាពជាដៃគូជាមួយនឹងអង្គការយូនីសេហ្វ (UNICEF)។

បើតាមក្រសួងសុខាភិបាល ព្រះរាជាណាចក្រកម្ពុជា គឺជាប្រទេសមួយដែលស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេនៅក្នុងតំបន់ប៉ាស៊ីហ្វិកខាងលិច ដែលទទួលបានវ៉ាក់សាំងពីមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នេះ៕