February 25, 2021

លោក ចន កេណ្ណឺឌី ជាប្រធានាធិបតីទី៣៥ របស់សហរដ្ឋអាមេរិក ដោយលោកបានឡើងកាន់តំណែងនៅឆ្នាំ១៩៦០ ប៉ុន្តែលោកត្រូវឃាតកបាញ់សម្លាប់នឹងកាំភ្លើងប្រភេទ Karabin នៅឆ្នាំ១៩៦៣ ស្របពេលដែលទំនាក់ទំនងអាមេរិក និងកម្ពុជាកំពុងមានភាពល្អូកល្អិន ហើយក្រោយមក មនុស្សក្នុងត្រកូលកេណ្ណឺឌីក៏ត្រូវគេសម្លាប់ជាបន្តបន្ទាប់ បង្កើតបានជាច្រវាក់ឃាតកម្មមួយដ៏សោកសៅ។

ផ្ដើមចេញពីច្រវាក់ឃាតកម្មត្រកូល កេណ្ណឺឌី នេះ យើងប្រាកដជាមានចម្ងល់ហើយ តើអ្នកណាជាអ្នកសម្លាប់លោកប្រធានាធិបតី កេណ្ណឺឌី ហើយកាំភ្លើងដែលប្រើសម្រាប់បាញ់សម្លាប់លោកមានតម្លៃប៉ុន្មាន និងមានអានុភាពខ្លាំងប៉ុនណាជាក់ជាមិនខាន។

នៅខែវិច្ឆិកា ឆ្នាំ១៩៦៣ លោក ចន អេហ្វ. កេណ្ណឺឌី (Jonh F. Kenedy) បានចាប់ផ្តើមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទៀត ដែលនឹងប្រព្រឹត្តនៅឆ្នាំ១៩៦៥។ លោកមានផែនការទៅទស្សនកិច្ចនៅរដ្ឋផ្លរីដា (Florida) និងរដ្ឋតិចសាស (Texas) ព្រមទាំងថ្លែងសុន្ទរកថានៅទីនោះផងដែរ។ នៅចំពោះមុខគម្រោងទស្សនកិច្ចនេះ ទីប្រឹក្សារបស់គាត់នៅតែស្ទាក់ស្ទើរ និងហាមមិនឱ្យលោកប្រធានាធិបតីធ្វើដំណើរទស្សនកិច្ចទៅកាន់កន្លែងទាំងនោះឡើយ ព្រោះធ្លាប់ការផ្ទុះកំហឹងនៅរដ្ឋដាឡាស (Dallas) និងរដ្ឋតិចសាស ដោយបានវាយប្រហារ និងប៉ះទង្គិចទៅលើឯកអគ្គរដ្ឋទូតអាមេរិកដែលប្រចាំនៅអង្គការសហប្រជាជាតិ (UN) តែទោះជាយ៉ាងណា លោក កេណ្ណឺឌី បែរជាព្រងើយកន្តើយចំពោះការដាស់តឿនរបស់ពួកគេទៅវិញ។

គម្រោងទស្សនកិច្ចក៏បានឈានមកដល់ លោក កេណ្ណឺឌី បានធ្វើដំណើរទៅកាន់ទីក្រុងសាន់អានតូនីញ៉ូ (San Antonio) ទីក្រុងហោសស្តុន (Houston) និងទីក្រុងហ្វតវើស (Forth Worth) ហើយទទួលជោគជ័យយ៉ាងត្រចះត្រចង់។ ប្រជាជនពេញចិត្តនឹងប្រធានាធិបតីដ៏វ័យក្មេងរូបនេះណាស់ ព្រមទាំងប្រពន្ធដ៏ស្រស់ស្អាតរបស់គាត់។ កេណ្ណឺឌី មានអារម្មណ៍ថា ភាពភ័យខ្លាចរបស់ទីប្រឹក្សាទាំងនោះមិនសមហេតុផលទាល់តែសោះ។

នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៦៣ លោកប្រធានាធិបតី កេណ្ណឺឌី និងអ្នកហែហមបានមកដល់ព្រលានយន្តហោះដាឡាស ប្រជាជនយ៉ាងច្រើនបានទទួលស្វាគមន៍ពួកគេយ៉ាងរីករាយ។ កេណ្ណឺឌី ព្រមទាំងភរិយារបស់លោក គឺលោកស្រី ហ្សាកឃីលីន (Jacqueline Kennedy Onassis) បានឡើងជិះលើរថយន្តជាមួយនឹងលោកអភិបាលរដ្ឋតិចសាស និងប្រពន្ធរបស់អភិបាលរដ្ឋដែលអង្គុយនៅកៅអីខាងមុខ។

ភរិយារបស់លោកអភិបាលរដ្ឋងាកមក ហើយពោលពាក្យទៅកាន់ កេណ្ណឺឌី យ៉ាងដូច្នេះថា «ប្រជាជនតិចសាស មើលទៅដូចជាចូលចិត្តលោកណាស់»។ ភ្លាមៗនោះ ស្រាប់តែស្នូរកាំភ្លើងបីគ្រាប់បានបន្លឺឡើង។ ពេលនោះ លោក កេណ្ណឺឌី ត្រូវគ្រាប់កាំភ្លើងពីរគ្រាប់ គឺចំក្បាលមួយគ្រាប់ និងចំបំពង់កមួយគ្រាប់។ លោកក៏បានបាត់បង់ស្មារតីរលំទៅលើភ្លៅភរិយារបស់លោក។ ខ្មាន់កាំភ្លើងបានបន្តបាញ់ជាលើកទីពីរ ចំលើខ្លួនអភិបាលរដ្ឋតិចសាស។

នៅអំលុងពេលនោះ មានអ្នកកាសែតម្នាក់បានឃើញកាំភ្លើងវែងមួយដើម ដែលឃាតកទាញចេញពីបង្អួចអគារជាន់ទី៦ នៅក្បែរកន្លែងកើតហេតុ។ បុរសនោះត្រូវគេចំណាំមុខបាន ហើយត្រូវគេរៀបរាប់ប្រាប់ប៉ូលិសតាមវិទ្យុទាក់ទង។

ងាកមកលោកប្រធានាធិបតី ចន កេណ្ណឺឌី ឯណេះវិញ ក៏ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ផាកលែន មែមម៉ូរៀល (Parkland Memorial Hospital) យ៉ាងប្រញាប់ប្រញាល់បំផុត ប៉ុន្តែជាអកុស លោកលែងដឹងខ្លួនទៀតហើយ។

ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ ប៉ូលិសបានរកឃើញឃាតកដែលកំពុងព្យាយាមរត់គេចខ្លួន ដោយគេបានចូលនៅក្នុងរោងមហោស្រពមួយ ហើយត្រូវប៉ូលិសចាប់ខ្លួនបានតែម្ដង។ បុរសនោះមានឈ្មោះថា លីហាវី អូស្វាលដ៍ (Lee Harvey Oswald) ជាអ្នកគាំទ្រលោក ហ្វ៉ីឌែល កាស្រ្តូ (Fidel Castro) មេដឹកនាំគុយបា។ ពីរថ្ងៃក្រោយមក ខណៈដែលប៉ូលិសកំពុងនាំខ្លួនឃាតក អូស្វាលដ៍ បញ្ជូនទៅពន្ធធនាគារដទៃទៀត ស្រាប់តែមានបុរសម្នាក់ឈ្មោះ ជែក រ៉ាត់ឌី (Jack Rudy) បានរត់សំដៅទៅរកក្រុមប៉ូលិស ហើយបាញ់ប្រហារទៅលើឃាតក អូស្វាលដ៍ រហូតដល់ស្លាប់។ គេស៊ើបដឹងថា វាគឺជាអំពើក្បត់គ្នាទៅវិញទៅមក។ ហេតុការណ៍នេះបានកើតឡើងនៅចំពីមុខកាមេរ៉ាទូរទស្សន៍ ដែលមានអ្នកទស្សនារាប់លាននាក់បានឃើញឃាតកនោះត្រូវស្លាប់។

សពរបស់លោកប្រធានាធិបតី ចន អេហ្វ. កេណ្ណឺឌី ត្រូវបានបញ្ចុះនៅឯឈាបនដ្ឋានជាតិ អាលីងតុន (Arlington National Cemetery) នារដ្ឋធានីវ៉ាស៊ីនតោន។ លោក កេណ្ណឺឌី គឺជាប្រធានាធិបតីម្នាក់ក្នុងចំណោមប្រធានាធិបតីដ៏ល្អបំផុត ដែលមាតុភូមិរបស់លោកមិនដែលបានជួបប្រទះតាំងតែពីមុនមក។ ប្រជាជាតិទាំងឡាយនៅតែកាន់ទុក្ខចំពោះវិញ្ញាណក្ខន្ធរបស់លោក ដោយគេបានចាត់ទុករូបលោកថាជានិម្មិតរូបនៃក្តីសង្ឃឹម និងជាក្តីសុបិនសម្រាប់ប្រជាជនសហរដ្ឋអាមេរិកគ្រប់ជំនាន់។

ក្រោយហេតុការណ៍នេះ ប៉ូលីសបានស៊ើបអង្កេតឃើញថា កាំភ្លើងដែលឃាតក អូស្វាលដ៍ យកទៅបាញ់សម្លាប់លោក ចន កេណ្ណឺឌី នោះ ជាកាំភ្លើងម៉ាក Mannlicher–Carcano ដែលគេបានទិញក្នុងតម្លៃ ១២,៧៨ ដុល្លារ បូករួមទាំងកែវយឺត ៧,១៧ ដុល្លារទៀត។

នៅឆ្នាំ១៩៦៤ មានមហាសេដ្ឋីប្រេងកាតម្នាក់ គឺលោក ចន ឃីង (John J. King) បានទិញកាំភ្លើងនោះពីលោកស្រី ម៉ារីណា ដែលជាប្រពន្ធរបស់ឃាតក អូស្វាលដ៍ ក្នុងតម្លៃ ៤០ ០០០ ដុល្លារអាមេរិក ដោយលោកបានប្រគល់ប្រាក់ ៥ ០០០ ដុល្លារសិន ហើយនៅពេលដែលលោកទទួលបានកាំភ្លើងពីលោកស្រី ម៉ារីណា ហើយនោះ លោក ចន ឃីង នឹងប្រគល់ប្រាក់ ៣៥ ០០០ ដុល្លារថែមទៀត។ លោក ចន ឃីង ជាអ្នកចូលចិត្តប្រមូលទិញវត្ថុដែលមានប្រវត្តិចម្លែកៗ យកមកទុកជាសម្បត្តិផ្ទាល់ខ្លួន។

គោលបំណងរបស់លោក ចន ឃីង មិនបានសម្រេចនោះឡើយ ដោយសាររដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចរក្សាទុកកាំភ្លើងនោះជាសម្បត្តិរដ្ឋ។ លោក ចន ឃីង មិនយល់ព្រមនឹងការសម្រេចនេះឡើយ ដោយបានប្ដឹងទារសំណងពីរដ្ឋាភិបាលនូវទឹកប្រាក់ ៥ លានដុល្លារ។ ប៉ុន្តែទោះជាយ៉ាងណា កាំភ្លើង Mannlicher–Carcano នេះនៅតែត្រូវទុកជាសម្បត្តិរដ្ឋដដែល៕