សន្លប់១ឆ្នាំ! ពេលភ្ញាក់ដឹងខ្លួនវិញ អត់ដឹងថាប្រទេសកំពុងវឹកវរ

1

ក្មេងប្រុសវ័យជំទង់ជនជាតិអង់គ្លេសម្នាក់ កំពុងដឹងខ្លួនបណ្ដើរៗវិញហើយ ពីការសន្លប់បាត់បង់ស្មារតីអស់រយៈពេលជិត១ឆ្នាំ បន្ទាប់ពីរូបគេបានជួបឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ដោយមិនបានដឹងថាប្រទេសកំពុងផ្ទុះជំងឺកូវីដ-១៩ខ្លាំង និងសូម្បីតែខ្លួនគេផ្ទាល់ក៏បានឆ្លងជំងឺរាតត្បាតនេះដល់ទៅពីរដងផងដែរ និងបានព្យាបាលជាទាំងពីរលើក។

យុវជនរូបនេះមានឈ្មោះថា Joseph Flavill វ័យ១៩ឆ្នាំ ដែលបានរងរបួសខួរក្បាលនៅពេលរូបគេត្រូវរថយន្ដបុក នៅឯទីក្រុង ​Burton-on-Trent ប្រទេសអង់គ្លេស កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ ពោលគឺមុន៣សប្ដាហ៍ ដែលប្រទេសអង់គ្លេសបានបិទលើកដំបូង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ក្នុងកំឡុងពេលនោះដែរ ក្រុមគ្រួសាររបស់ Joseph ភាគច្រើនមិនអាចទៅសួរសុខទុក្ខដល់មន្ទីរពេទ្យផ្ទាល់បានទេ ដោយសារវិធានការទប់ស្កាត់រោគរាតត្បាតនេះ ហើយពួកគេ​ភាគច្រើនបាន​ព្យាយាម​ទាក់ទង​ជាមួយអ្នកជំងឺ​តាម​វីដេអូ​ខលជំនួសវិញ ហើយសូម្បីតែម្ដាយរបស់Joseph ក៏មិនអាចប៉ះរូបគេបានដែរ ចាប់តាំងពីមានគ្រោះថ្នាក់នោះមក។​

យ៉ាងណាមិញ ម្ដាយមីងរបស់ Joseph ឈ្មោះ Sally Flavill បានប្រាប់សារព័ត៌មាន Reuters ថា ថ្មីៗនេះ Joseph បានចាប់ផ្ដើមបង្ហាញសញ្ញាជាសះស្បើយតិចៗហើយ ហើយនៅពេលនិយាយទៅកាន់គេថា «អ្នកមានសុវត្ថិភាពហើយ ប៉ុន្ដែយើងមិនអាចនៅជាមួយអ្នកបានទេ នេះមិនមែនមានន័យថាយើងត្រូវនៅបែកគ្នារហូតទេ»។ ខណៈនោះ Joseph ហាក់យល់ និងស្ដាប់បាន គ្រាន់តែគេមិនអាចឆ្លើយតបដោយសម្ដីប៉ុណ្ណោះ ពោលគឺគេអាច​ឆ្លើយ​ពាក្យ​ថា «​បាទ» តាមរយៈ​ការ​ព្រិច​ភ្នែក​ម្ដង និងព្រិច​ភ្នែក​ពីរដង​បានន័យថា «​ទេ​»​៕